AFC Asian Cup៖ ជម្រើសជាតិវៀតណាម ទំនងនឹងតែងតាំងជនជាតិបរទេសជាគ្រូបង្វឹក មុនទទួលកម្ពុជា

ក្រុមជម្រើសជាតិវៀតណាម ទំនងនឹងតែងតាំងជនជាតិបរទេសជាគ្រូបង្វឹកជំនួសកន្លែងលោក Huu Thang ដែលបានចុះចេញពីតំណែងកាលពីខែមុននៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017។

យោងទៅតាមប្រភពមកពីសហព័ន្ធបាល់ទាត់វៀតណាម ( VFF ) អនុប្រធានលោក Doan Nguyen Duc ដែលបានចុះចេញដំណាលគ្នាដែលនោះបាននិយាយថា លិខិតស្នើលាលែងពីតំណែងមិនទាន់បានយល់ព្រមឡើយរហូតដល់ខែ មិថុនា ឆ្នាំក្រោយ។ ស្របពេលក្រុមផ្កាយមាស ត្រូវការចាំបាច់គ្រូបង្វឹកបរទេសដើម្បីមកពង្រីកមហិច្ឆតានាថ្ងៃអនាគត។

Thang បានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ VFF មានន័យថាគាត់អាចដឹកនាំក្រុមជម្រើសជាតិវៀតណាម និងក្រុមអាយុក្រោម២២ឆ្នាំ រហូតដល់ ខែ មិនា ឆ្នាំ២០១៨។ យ៉ាងណាការចាកចេញលើកនេះត្រូវបានអោយស្ថាប័នគ្រប់គ្រង់កីឡាបាល់ទាត់ប្រញាប់រកបេក្ខជនមកជំនួស  កៅអីក្តៅ  បន្ទាប់ពី Thang បានចែកផ្លូវ។

បន្ទាប់មក គ្រូបង្វឹកជម្រើសជាតិបាល់ទាត់នារី លោក Mai Duc Chung ត្រូវបានតែងតាំងបណ្តោះអាសន្នដើម្បីដឹកនាំក្រុមសម្រាប់វគ្គជម្រុះ AFC Asian Cup 2019 ដែលនឹងត្រូវជួបប្រកួតជាមួយ កម្ពុជា នាថ្ងៃទី ៥ កញ្ញា ខាងមុខ៕