មុន​ជួប​គ្នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ នេះ​កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ ១លេខ តែឆាយនីសតៃប៉ិ ធ្លាក់៩លេខ ក្នុង​ចំណាត់ថ្នាក់ពិភពលោក​ប្រចាំ​ខែ​មិថុនា​

តារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក FIFA World Ranking ដើមខែ មិថុនា ឆ្នាំ២០១៦ នេះបានចេញហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាក់ចុះពីចំណាត់ថ្នាក់១លេខគឺពីលេខ ១៨៣ ពិភពលោកមកចំណាត់ថ្នាក់លេខ១៨៤ ស្របពេល ឆាយនីសតៃប៉ិ ដែលនៅលើកម្ពុជាមួយលេខកាលពីមុនពោលគឺ១៨២ ពេលនេះបានធ្លាក់មកលេខ១៩១ ពិភពលោកក្នុងចំណោមប្រទេសទាំង២០៩។

នៅក្នុងតំបន់អាសីុ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៣៨ ក្នុងចំណោម៤៦ប្រទេស។ ក្រុមកំពូលទាំង៥នៅក្នុងទ្វីបអាសីុគឺ ក្រុមបាល់ទាត់ជម្រើសជាតិអីុរ៉ង់ ឈរនៅលើគេ (៣២) ខណៈ កូរ៉េខាងត្បូង ឈរនៅលេខ២ (៥០) តាមពីក្រោយដោយ ជប៉ុន ឈរនៅលេខ៣ (៥៣) អូស្ត្រាលី ឈរនៅលេខ៤ (៥៩) និងលេខ៥ សាឌីអារ៉ាប់បីត (៦៥)។

ងាកមកមើលនៅក្នុងតំបន់អាសីុអាគ្នេយ៍ឯនេះវិញ ក្នុងចំណោម១១ប្រទេស ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩ តាមពីក្រោយដោយក្រុម បាល់ទាត់ជម្រើសជាតិឥណ្ឌូនេសុី និងឈរនៅលេខ១៨៧នៃតារាងចំណាត់ FIFA World Ranking។ក្រុមដែលឈរនៅលើគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ក្រុមបាល់ទាត់ជម្រើសជាតិថៃ (១១៧) ហ្វីលីពីន ឈរនៅលេខ២ (១២០) លេខ៣ វៀតណាម (១៣៣) សឹង្ហបុរី ឈរនៅលេខ៤ (១៤៩) មីយ៉ានម៉ា លេខ៥ (១៦១) លេខ ៦ ម៉ាឡេសុី (១៧៣) លេខ៧ ឡាវ (១៧៤) និង ទីម័រខាងកើត (១៧៧) ឯលេខ ៩ កម្ពុជា (១៨៤) លេខ ១០ ឥណ្ឌូនេសុី (១៨៧) និង លេខ ១១ ប្រ៊ុយណេ (១៩៧)។

សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងទាំង ១០ នៅលើពិភពលោកសម្រាប់ខែឧសភា នេះ អាហ្សង់ទីន នៅតែបន្តឈរចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយ បេលស្សុិក ហើយកូឡុំប៊ី ឈរលេខ៣, អាល្លឺម៉ង់ ឈរលេខ៤ , ឈីលី លេខ ៥, អេស្ប៉ាញ លេខ ៦, ប្រេសុីល លេខ៧, ព័រទុយហ្គាល់ លេខ៨, អ៊ុយរ៉ាហ្គាយ លេខ៩ និងអូទ្រីស ជាប់លេខ១០។

ក្រុមបាល់ទាត់ជម្រើសជាតិឆៃនីសតៃបុិ (តៃវ៉ាន់) នឹងបើកទ្វារទទួលស្វាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះបឋមជើងទី ១ នៅកីឡដ្ឋាន Kaohsiung Stadium នៃទឺកដីនៃឆៃនីសតៃបុិផ្ទាល់។ ទូរទស្សន៍ BTV News ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ក្នុងការប្រកួតនេះផងដែរ៕