Conor និយាយអំពីជំនួបយកឈ្នះ វិសាខា នាប្រកួតបិទរដូវកាល

នាជំំនួបបិទរដូវកាលក្លិប ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្លិប វិសាខា ដោយលទ្ធផល៥ទល់៤ ក្នុងសប្តាហ៍ទី២២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨។ លទ្ធផលនោះធ្វើបានដោយកីឡាករ ហ៊ួយ ផល្លីន ៣គ្រាប់ម្នាក់ឯង និង ណុប តុលា ២គ្រាប់ ខណៈ វិសាខា តាម៣គ្រាប់វិញនាវគ្គទី២ ដែលបញ្ចប់លទ្ធផល ៥ទល់៤។

 

ជាមួយគ្នានោះដែរគ្រូបង្វឹករបស់យើងលោក Conor Nestor ក៏បានបង្ហាញនៅចំណាប់អារម្មណ៍ជុំវិញជ័យជម្នះ...

ខ្ញុំគិតថាវគ្គទី១កីឡាករទាំងអស់បានលេងនៅអ្វីដែលខ្ញុំបានប្រាប់ ប៉ុន្តែសម្រាប់វគ្គទី២យើងចាប់ផ្តើមមិនបានល្អ និងមិនបានគ្រប់គ្រងប្រកួត ប៉ុន្តែយើងនៅតែធ្វើការធ្ងន់ និងសាកសមទទួលជ័យជម្នះ។

ទាត់ចំទី៥លើក និងរកបានគ្រាប់សម្រាប់វគ្គទី១...

យើងបានបង្កើតឱកាសដ៏ល្អចំនួន៧លើកនាវគ្គទី១ ដោយនាពេលដែលយើងធ្វើចលនាលឿនជាមួយបាល់ យើងអាចធ្វើវាបាន។ មួយវិញទៀតគឺការយល់ចិត្តគ្នារវាង ផល្លីន និង តុលា នាពេលលេងជាមួយគ្នាគឺពិតជាពិសេស និងបង្ហាញថាហេតុអ្វីយើងចាំបាច់ផ្តល់ឱកាសដល់យុវជនអោយបានលេងពោលគឺនាពេលដែលគេធំឡើងអ្នកទាំងអស់នោះនឹងលេងដោយយល់ចិត្តគ្នា។

គិតថា ផល្លីន និង តុលា នឹងក្លាយជាដៃគូ ( Duo ) ដ៏ល្អនៅក្នុងលីគ...

ពួកគេទាំង២នាក់នេះកំពុងលេងបាល់យ៉ាងអស្ចារ្យនាបច្ចុប្បន្ននេះ។

បញ្ហាការពារនៅតែមានទោះបីនាំមុខគេច្រើនគ្រាប់ក៏ដោយ...

ខ្ញុំគិតថានាពេល សំរេច, ពិដោរ និង សុក សំណាង ត្រលប់មកវិញគេទាំងអស់នោះនឹងជួយអោយតំបន់ការពារមានភាពប្រសើរឡើង។ ខ្ញុំគិតថាបញ្ហាការពារមិនមែនមានតែយើងនោះទេដោយកើតមានរាល់សប្តាហ៍នៅក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។ យើងគួរតែរៀនសូត្រពីក្លិប ណាហ្គា ដោយពួកគេការពារជាក្រុម និងមានវិន័យ ដោយនេះជាហេតុផលមួយដែលខ្ញុំគិតថាក្លិប ណាហ្គា គឺជាជើងឯក៕