ព្រះខ័នរាជស្វាយរៀង ​​សម្រេចចែកផ្លូវជាមួយកីឡាករ​​​ លី​ សារ័ត្ន និង ប្រាក់ សុវណ្ណពិសិដ្ឋ ក្រោយចំណាយពេលជិត១០ឆ្នាំជាមួយក្លិប

ក្លិប ព្រះខ័នរាជស្វាយរៀង បានសម្រេចចែកផ្លូវជាមួយកីឡាករ លី សារ័ត្ន និង ប្រាក់ សុវណ្ណពិសិដ្ឋ ក្រោយចំណាយពេលជិត១០ឆ្នាំហ្វឹកហាត់ជាមួយក្លិបចាប់តាំងពីថ្នាលយុវជនរហូតឈានដល់ក្រុមធំ មុននឹងដល់ផ្លូវបែក។

ខ្សែការពារស្លាបទាំង២នាក់បានចំណាយពេលច្រើនឆ្នាំជាមួយក្លិបជាក់ស្តែងដូចជា សារ័ត្ន ចាប់ផ្តើមបានហ្វឹកហាត់ជាមួយក្រុមអំឡុងឆ្នាំ២០១០ ក្នុងក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ និងត្រូវបានជ្រើសរើសអោយមកលេងក្រុមធំនៅឆ្នាំ២០១៣ ដោយឆ្នាំដំបូងរបស់គេ គឺបានឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ សរុបជាមួយរូបគេធ្លាប់បានឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ចំនួន១លើក និង២លើក ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥ និង ២០១៧។

សម្រាប់ សុវណ្ណពិសិដ្ឋ បានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលអាយុក្រោម១៣ឆ្នាំរបស់ក្លិបនាអំឡុងឆ្នាំ២០១០ ខណៈត្រូវបានតំឡើងមកលេងក្រុមធំនាពាក់កណ្តាលឆ្នាំ២០១៥ និងក្រសោបពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ដែលជាពានអាជីពលើកដំបូងរបស់គេធ្លាប់ឈ្នះជាមួយក្លិប។

កីឡាករទាំង២រូបនេះនឹងបន្តស្វែងរកក្លិបអាជីពថ្មីផ្សេងទៀតដើម្បីអភិវឌ្ឍន៍អាជីពរបស់គេ ស្របពេលគ្រប់គ្នានៃក្លិបសូមអរគុណកីឡាករទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គេហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់ថ្ងៃអនាគត៕