សន្និសិតសារព័ត៌មាន៖ ពាក្យសម្តីគ្រប់ម៉ាត់របស់គ្រូបង្វឹកលោក Conor Nestor យកឈ្នះក្លិប សូលទីឡូអង្គរ

ក្លិប ព្រះខ័នរាជស្វាយរៀង បានបន្តការឈ្នះទាំង២ប្រកួតបើកឆាកនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០១៩។ ខណៈជំនួបទី២ យកឈ្នះក្លិប សូលទីឡូអង្គរ ដោយលទ្ធផល១ទល់០ នៅលើកីឡដ្ឋានសៀមរាប ជាការប្រើក្បាលបញ្ចូលទីពីសំណាក់កីឡាករ Charlie Machell នៅនាទី៨៥ ដែលជាការលើកបាល់ដ៏ល្អ សួន សុវណ្ណ។

ជាមួយគ្នានោះគ្រូបង្វឹករបស់យើងលោក Conor Nestor ក៏បានបង្ហាញនៅចំណាប់អារម្មណ៍ជុំវិញការប្រកួតនេះ៖

ចំណាប់អារម្មណ៍សម្រាប់ការប្រកួតយកឈ្នះ សូលទីឡូអង្គរ ១ទល់០...

ក្រុមទាំង២ពិតជារៀបចំបានល្អ និងមានឆន្ទៈ ប៉ុន្តែជាចៃដន្យមិនអាចលេងដោយបច្ចេកទេសប្រសើរដោយសារតែបញ្ហាទីលានដ៏គ្រោះថ្នាក់បំផុត។

ឈ្នះទាំង២ប្រកួត និងពុំមានរបូតគ្រាប់បាល់ គិតថានេះជាសញ្ញាវិជ្ជមានដើម្បីឆ្ពោះទៅរកជើងឯក...

នៅពេលយើងទើបលេងបាន២ប្រកួត គឺមិនអាចសូម្បីតែគិត និងនិយាយអ្វីទាំងអស់អំពីជើងឯក។ ដោយនៅពេលយើងឈ្នះ២ប្រកួតកន្លងមកគឺត្រូវតែគិតឈ្នះការប្រកួតទី៣។ សម្រាប់ការមិនរបូតគ្រាប់បាល់វិញជាលទ្ធផលមួយបង្ហាញថាក្រុមទាំងមូលធ្វើការខ្លាំង និងគោរពវិន័យ។

Charlie ស្ថិតនៅកៅអីបម្រុងនាប្រកួតហើយផ្លាស់ប្តូរចូលជាយុទ្ធសាស្ត្រដើម្បីរកគ្រាប់បាល់នៅចុងម៉ោង...

ពិតណាស់! យើងអាចឃើញពីជំនួបជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ យើងមានផែនការសម្រាប់៦០នាទីដំបូង និងមួយទៀត៣០នាទីចុងក្រោយ។ បើសិនជាផែនការទី១មិនជោគជ័យ យើងជឿជាក់ថាផែនការទី២គឺដូចថ្ងៃនេះអញ្ជឹង ( ប៉ះសូលទីឡូអង្គរ ) ប៉ុន្តែក៏ដោយសារតែកីឡាករធ្វើការខ្លាំង និងជឿជាក់គ្នាទៅវិញទៅមក។

ដូច្នេះនេះគឺជាយុទ្ធសាស្ត្ររបស់លោក...

យើងតែងតែគិតបើសិនជាកីឡាករបរទេសអង្គុយនៅកៅអីបម្រុង ចឹងយើងត្រូវតែមានកីឡាករណាមួយអាចបង្កគ្រោះថ្នាក់ដល់ដៃគូ។ ដូចថ្ងៃនេះយើងជឿជាក់ថាបើសិនជាកីឡាករសូលទីឡូអង្គរ ថយកម្លាំង នោះយើងនឹងប្រើប្រាស់ Charlie ដែលអាចជួយកម្លាំងបន្ថែមនៅតំបន់ប្រយុទ្ធ និងតំបន់គ្រោះថ្នាក់។ យើងក៏ទទួលបានសំណាងខ្លះដែរក្នុងការបញ្ចប់ទី ប៉ុន្តែខ្ញុំនៅតែបន្តជឿជាក់ថាយើងសាកសមជាមួយសំណាងលើលទ្ធផល៩០នាទី។

យើងមានឧកាសច្រើនក្នុងការប្រកួត គិតថាគួរតែបានគ្រាប់បាល់ច្រើនជាងនេះ...

វាពិតជាពិបាកក្នុងការបង្កើតឧកាសពីការលេងថ្ងៃនេះ ព្រោះតែយើងមិនអាចបញ្ជូនបាល់នៅលើទីលាន ដូច្នេះយើងពឹងផ្អែកលើការលើកបាល់ និងបាល់ set pieces ហើយខ្ញុំគិតថាការការពាររបស់ក្លិប សូលទីឡូ ពិតជាល្អនាពេលបច្ចុប្បន្ន ខណៈយើងបានទាត់បុងរបាទីច្រើនលើក និងសឹងតែរកគ្រាប់បាល់ជាច្រើនលើកច្រើនសារ៕