អាំ សុវណ្ណារ៉ា់ត់ និយាយអំពីការរារាំងសំណាញ់ទីមិនអោយរបូតគ្រាប់បាល់ទាំង៣ប្រកួត

ឆ្លងកាត់៣ប្រកួតនារដូវកាលថ្មីនេះក្លិប ព្រះខ័នរាជស្វាយរៀង ពុំទាន់មានការរបូតគ្រាប់បាល់ឡើយ ( Clean sheet ) និងឈ្នះទាំង៣លើក។ ហេតុផលវិជ្ជមានខាងលើនេះអ្នកចាំទី អាំ សុវណ្ណារ៉ាត់ បានបង្ហាញពីសុទិដ្ឋិនិយមនៃលទ្ធផលការមិនរបូតគ្រាប់បាល់ទាំង៣ប្រកួត៖« សម្រាប់ខ្ញុំគឺសប្បាយចិត្ត ដែលពុំមានការទាត់បញ្ចូលទីពីគូប្រកួតហើយយើងក៏រៀបចំការប្រកួតបានល្អ »។

៣ ប្រកួតកន្លងមកយកឈ្នះក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០, សូលទីឡូអង្គរ ១ទល់០ និង គិរីវង់សុខសែនជ័យ ២ទល់០ ដែលមិនមែនជាក្រុមធំអ្នកចាំទីវ័យ២៤ឆ្នាំពោលបន្ថែមថា៖ « បើថាចឹងក៏ថាបាន សម្រាប់ការប្រកួតយើងនឹងត្រៀបរៀបចំសម្រាប់ក្រុមតូច និងក្រុមធំ។ ចឹងបើយើងរបូតគ្រាប់បាល់ពេលជួបក្រុមតូច ពេលប៉ះក្រុមធំយើងអាចនឹងមានបញ្ហា ខ្ញុំក៏សប្បាយចិត្តពេលឃើញខ្សែការពារសហការគ្នាបានល្អ »។

ជាមួយគ្នានោះយើងក៏បានសាកសួរអំពីឳកាសជាប់ក្រុមជម្រើសជាតិកម្ពុជា ក្រោយបង្ហាញខ្លួនលើកចុងក្រោយនាឆ្នាំ២០១៥ « សម្រាប់ខ្ញុំអត់ទាន់គិតដល់ចំណុចហ្នឹងទេ សំខាន់គឺជួយក្លិបខ្ញុំសិន ព្រោះអ្វីអ្នកចាំទីជម្រើសជាតិគឺមានកាយសម្បទាល្អ និងមានសមត្ថភាពច្រើន ចឹងអ្វីសំខាន់គឺផ្តោតអារម្មណ៍ជួយក្លិបសិន »៕